នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣, លោក គឹម សាមិត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្ត្រីជំនាញ ០២ រូប បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្មភាពគន្លឹះឆ្នាំ២០២៣ និងកិច្ចពិភាក្សាស្ដីពីការកំណត់អាទិភាពការងារសម្រាប់ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានវឌ្ឍនភាព និងជំរុញការអនុវត្តផែនការសកម្មភាព ដើម្បីធានាឱ្យសម្រេចបានតាមគោលដៅសូចនាករដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្មឆ្នាំ២០២៣ របស់មន្ទីរ សហវ. រាជធានី ខេត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះ កិច្ចប្រជុំក៏ផ្ដោតលើការកំណត់អាទិភាពការងារសសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសូចនាករគន្លឹះ ផែនការសកម្មភាពគនឹ្លះ និងថវិកា ឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។